ភ្នំពេញៈ កម្ពុជា បានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសដែលមានភាពរាក់ទាក់ទាំង ១០ នៅលើពិភពលោកក្នុងការទទួលស្វាគមន៍ភ្ញៀវបរេទេស ខណៈប្រទេសនៅក្នុងសហគមន៍អ៊ឺរ៉ុប ព័រទុយហ្គាល់ ស្ថិតនៅលើកំពូលតារាង។ នេះបើយោងតាមការស្ទាបស្ទង់មតិរបស់ Expat Insider ដែលផ្សព្វផ្សាយដោយគេហទំព័រ InterNations។
បន្ទាប់ពីអាក់ខានចូលរួមរយៈពេលបីឆ្នាំ ប្រទេសកម្ពុជាដែលបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៧ បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមប្រទេសមានភាពរួសរាយរាក់ទាក់បំផុត។
ការស្ទាបស្ទង់ធ្វើឡើងដោយ Expat Insider រកឃើញថា ជនបរទេសប្រមាណ ៩៦ភាគរយបានវាយតម្លៃពីភាពស្និទ្ធស្នាល រស់រាយជាទូទៅគឺមានលក្ខណៈវិជ្ជមាន ខណៈមធ្យមភាគជាសកលគឺមានត្រឹម ៧០ភាគរយប៉ុណ្ណោះ។ ជាមួយគ្នានេះ ជនបរទេសហាក់មានបញ្ហាតិចតួចបំផុតពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ជនជាតិអូស្ត្រាលីម្នាក់ បានបង្ហាញពីការពេញចិត្តរបស់គេជាមួយ «ការបង្កើតទំនាក់ទំនងជាមួយប្រជាជនក្នុងស្រុក។
Expat Insider បានឱ្យដឹងទៀតថា អ្នកឆ្លើយតប ៨នាក់ក្នុងចំណោម ១០នាក់ បានចាត់ទុកប្រជាជនក្នុងស្រុកថា មានការទទួលស្វាគមន៍ ៨៥ភាគរយ និងចំនួន ៨៣ភាគរយ បានយល់ថា ការតាំងលំនៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួល។ មានជនបរទេស ៣៩ភាគរយបាននិយាយថាពួកគេមានអារម្មណ៍ដូចនៅប្រទេសកំណើតរបស់ខ្លួន។
នៅក្នុងការស្ទាបស្ទង់នោះ ប្រទេសព័រទុយហ្គាល់ បានឡើងចំនួន ៩ចំណាក់ថ្នាក់ មកឈរនៅ លេខ ១ ជាប្រទេសដែលមានភាពរាក់ទាក់ តាមពីក្រោយដោយ កោះតៃវ៉ាន់ លេខ ២ និងប្រទេសម៊ិកស៊ិក នៅលេខរៀងទី ៣។ ចំណែកប្រទេសដែលតាមពីក្រោយកម្ពុជា មានដូចជា ប្រទេសបារ៉ែន កូស្តារីកា អូម៉ង់ កូឡុំប៊ី វៀតណាម និងប្រទេសកាណាដា។
ថ្ងៃទី ២៤ ខែមិថុនា គេហទំព័រ Tripadvisor ក៏បានប្រកាសពីការស្ទាបស្ទង់របស់ខ្លួនផងដែរ ដោយបានរកឃើញថា តំបន់ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិបណ្តែតទឹក និងប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាបបានជាប់លេខ ១ ក្នុងពិភពលោកជាកន្លែងទេសចរណ៍ប្រណីតសម្រាប់ដំណើរកម្សាន្តក្នុងរយៈពេល ៣ ថ្ងៃ។
វិបត្តិនៃការឆ្លងរាលដាលជំងឺផ្តាសាយសកលបានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកចាប់ពីដើមឆ្នាំ២០២០ មក ។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១១ ខែសីហា នេះបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២ ៥៦០នាក់ ធ្លាក់ចុះ ៩១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕