ភ្នំពេញ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្នើដល់រុស្សីធ្វើការពន្លឿននូវកិច្ចការនានាសំដៅធ្វើយ៉ាងណាឱ្យសម្រេចបាននូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលឆាប់ៗខាងមុខសំដៅជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនលំហូរនៃការវិនិយោគរវាងប្រទេសទាំងពីរ។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក NIKOLAI PATRUSHEV បានថ្លែងអំណរគុណជូនចំពោះលោកនាយរដ្ឋមន្រ្តីសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោកបានមើលឃើញអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ រុស្សីនឹងខិតខំសហការជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃ របស់ឯកឧត្តមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះឯកឧត្តម NIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង៕