ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័រ KhmerSME«ថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលគេហទំព័រនេះនឹងជួយផ្តល់ព័ត៌មានអាជីវកម្មយ៉ាងទូលំទូលាយនិងសម្បូរបែបដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
ការប្រកាសដាក់ឱ្យដំណើរការនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត តំណាងក្រសួងស្ថាប័នអង្គការអន្តរជាតិ និងតំណាងវិស័យឯកជនផងដែរ។
គេហទំព័រ KhmerSMEគឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមកិច្ចការជាមួយអង្គការ GIZ។ តាមរយៈKhmerSMEក្រុមហ៊ុន/សហគ្រាស នឹងអាចពង្រឹងសមត្ថភាពខ្លួន និងពង្រីកវិមាត្រធុរកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្តល់សេវាកម្មប្រកបដោយការប្រកួតប្រជែង។
គេហទំព័រ KhmerSMEនឹងតភ្ជាប់ទៅគេហទំព័រ ASEAN Access ដែលជាគេហទំព័រមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន ហើយត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមមានប្រមាណជាង ៥២ម៉ឺនមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕