(ភ្នំពេញ)៖ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញការនាំចេញផលិតគ្រាប់ស្វាយចន្ទីឱ្យកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ក្រសួងសេចក្តីព្រាងគោលនយោបាយជាតិខាងលើ គឺប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា និងមានការចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន-ប្រធានស្តីទីនាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។
គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិខាងលើ គឺប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូលលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិខាងលើ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីចំនួន ២១៨ ៩៨១ តោនកើនឡើង ៨,២៤ ភាគរយពីចំនួន ២០២ ៣១៨ តោនក្នុងឆ្នាំ ២០១៩។ គ្រាប់ស្វាយចន្ទីត្រូវបាននាំទៅប្រទេសវៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ តួកគី និងឡាវ។ សព្វថ្ងៃនៅកម្ពុជាមានផ្ទៃដីចម្ការស្វាយចន្ទីប្រមាណជាង ៥០ ម៉ឺនហិកតា ដោយក្នុង ១ ហិកតា អាចផ្តល់ផលជាមធ្យម ១,៥ តោន ក្នុង ១ឆ្នាំ៕