ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមក្រសួងក្រសួងពាណិជ្ជកម្មបានប្តេជ្ញាជំរុញការលក់ផលិតផលខ្មែរដែលមានសក្តានុពលនៅក្នុងនិងក្រៅប្រទេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេសនិងនាំចេញទៅក្រៅប្រទេស កាលពីថ្ងៃទី ៣០ ខែសីហា។
ក្នុងកិច្ចប្រជុំនេះ លោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចការជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស នាពេលកន្លងមក តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្ត។
លោករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ក្រសួងបាននិងកំពុងបន្តលើកកម្ពស់ភាពប្រកួតប្រជែងតាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះ មានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ហើយការធ្វើកំណែទម្រង់ស្ថាប័ននៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។
ព្រមទាំង ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam និង CambodiaTrade.com ដើម្បីតភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូច និងមធ្យម។ ពិសេសការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមួយចំនួនទៀត។
លើសពីនេះ ក្រសួងបន្តអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជាតាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម(តាមអនឡាញ) ដើម្បីជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។
លោកថ្លែងថា៖ «តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើង ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ»។
ក្រុមការងារនេះបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បី ជួយដល់ប្រជាកសិករក្នុងការដាក់លក់ផលិតផលនៅលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស និងជួយដល់អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែប្រសើរ ព្រមទាំងជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបានយ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
លោករដ្ឋមន្រ្តី បានអះអាងថា ដើម្បីពង្រឹងប្រសិទ្ធិភាពលើកិច្ចការនេះ លោកបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារដើម្បីជាទិសដៅអនុវត្ត រួមមាន ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក។
អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុងបរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហានានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ១៩ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័សដែលបង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួតប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច៕