ភ្នំពេញ៖ កម្ពុជានឹងរៀបចំនិងដឹកនាំ កិច្ចប្រជុំចង្អៀតរដ្ឋម ន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតលើរបៀបវារ:សេដ្ឋកិច្ចសំខាន់ៗចំនួន៦។
មុនកិច្ចប្រជុំចង្អៀតមកដល់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើកិច្ចការមួយចំនួន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
នាជំនួបនោះ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធនឹងរបៀបវារៈទាំងឡាយ ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន (១)ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ (២)ការត្រៀមដើម្បីអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៣)ការផ្លាស់ប្តូរមតិយោបល់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ (៤)ការពិនិត្យនិងឯកភាពលើអនុសាសន៍របស់កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (៥)ការត្រៀមអនុម័តលើឯកសារពាក់ព័ន្ធ ដើម្បីប្រកាសបើកជាផ្លូវការនូវការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (៦)ការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត សំដៅឈានទៅរកការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែលស្ថិតក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕