ភ្នំពេញៈរាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តកាន់តែច្រើននៅខេត្តកែប។
គម្រោងនេះនឹងអនុវត្តចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) បានឱ្យដឹងថា គ.អ.ឆ.ក. រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ ខ្សាច់សល្អសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ។
គម្រោងនេះក៏នឹងរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ។
សេចក្តីប្រកាសព័ត៌មានបន្តថា ថវិកាសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិ ឆ្ពោះទៅសួនច្បារ។
គម្រោងនេះនឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារសំដៅលើកកម្ពស់សោភណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំ ទូលាយ ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជា សេដ្ឋកិច្ចជាតិ។នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕