ភ្នំពេញ៖រដ្ឋាភិបាលបានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២១២៧ លានដុល្លារចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។
នៅក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ថវិកាជាង ២១២៧ លានដុល្លារ ត្រូវបានដកចេញពីប្រាក់សន្សំជាង៣៥០០លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជា បានសន្សំទុក ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។ដោយក្នុងនោះកាលពីឆ្នាំ២០២០ រដ្ឋគ្រោងនឹងចាយប្រាក់សន្សំប្រមាណ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ប៉ុន្តែចំណាយអស់ត្រឹម២៤៦លានដុល្លារប៉ុណ្ណោះ។ តែនៅក្នុងឆ្នាំ២០២១ រដ្ឋចំណាយលើសវិញដោយដំបូងឡើយ គ្រោងចាយថវិកាជាង៨០០លានដុល្លារប៉ុន្តែ ជាក់ស្តែងចាយអស់ដល់ទៅ១៣៨១លានដុល្លារឯណោះ ខណៈឆ្នាំ២០២២ រដ្ឋគ្រោងនឹងដកលុយសន្សំ៥០០លានដុល្លារបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖«ថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២នេះ ត្រូវចំណាយកាន់ច្រើន ខណៈដែលធនធានកាន់តែស្តួចស្តើង ដោយសារកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន ត្រូវចំណាយ ៤០ទៅ៥០លានដុល្លារ ខណៈដែលការបោះឆ្នោតឃុំសង្កាត់ ត្រូវចំណាយប្រហែល៧០លានដុល្លារទៀត»។
លោកបានបន្ថែមថា ដើម្បីទប់ទល់នឹងការចំណាយដូចនេះ ផ្នែករកចំណូលដូចជា គយ និងពន្ធដា ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាព ខណៈដែលការចំណាយចរន្តរបស់រដ្ឋក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ដែរ។
លោកវង្សី វិស្សុត នៅតែមានសុទិដ្ឋយមថា យ៉ាងហោចណាស់ ក៏កម្ពុជា មិនចាំបាច់ខ្ចីលុយពីបរទេសដែរ ព្រោះថាជាទូទៅប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជានោះទេ ដែលទាមទារឱ្យខ្ចីថវិកាពីបរទេស ដើម្បីទប់ទល់វិបត្តិនេះ។
ចាប់ពីឆ្នាំ២០២០ដល់ ២០២១ រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចំនួន ១០ជុំ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដោយថវិការទាំងនោះ បានចំណាយទៅលើការឧបត្ថម្ភដល់ជនក្រីក្រ ការឧបត្ថម្ភដល់កម្មករកម្មារនីរោងចក្រ ចំណាយលើផ្នែកសុខាភិបាល និងការទិញវ៉ាក់សាំងជាដើម។សម្រាប់ឆ្នាំ២០២០ រដ្ឋបានចំណាយថវិកាអស់ ៨៣០លានដុល្លារ,ឆ្នាំ២០២១ ១៣០០លានដុល្លារ និងឆ្នាំ២០២២គ្រោងនឹងចំណាយជាង១ពាន់លានដុល្លារបន្ថែមទៀត៕