ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចូលថ្នាំនិងជីកសិកម្មចំនួនជាង៩០ ម៉ឺនតោនក្នុងរយៈពេល ៥ ដំបូងឆ្នាំ២០២១នេះ ដែលចំនួននេះបានកើនឡើងខ្ពស់បើធៀបនឹងឆ្នាំទៅ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានផ្សាយកាលពីថ្ងៃទី ០៩ សីហា។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុននានបាននាំចូលថ្នាំកសិកម្មមានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន។ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែលនាំតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មដ៏មានសន្ទុះកើនឡើង។ការណ៍នេះបាននាំឱ្យតម្លៃថ្នាំកសិកម្មនិងជីកសិកម្មក៏ហកឡើងខ្ពស់។
ក្រសួងពន្យល់ថា តម្លៃជីកសិកម្មឆ្នាំនេះ មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅដោយសារកត្តាសំខាន់ៗមួយចំនួន រួមមាន នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា។វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ីនិងប្រទេសអារ៉ាប់។
សេចក្តីប្រកាសព័ត៌មាន បន្តថា ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ក៏ជាមូលហេតុនាំឱ្យកើនឡើង ផងដែរ ខណៈការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ (មានការប្រុងប្រយ័ត្នទៅ (លើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។
ទន្ទឹមនឹងនេះ ការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ ហើយការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពផ្សាយភាសាខ្មែរ ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ដោយឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។
សេចក្តីប្រកាសព័ត៌មាន បន្ថែមថា៖ «តម្រូវការជីកសិកម្មក្នុងស្រុកមានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួនប្តូរពីវិស័យផ្សេងៗមកវិនិយោគលើវិស័យកសិកម្ម។ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបាននៅឡើយ(មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ)»។
នៅក្នុងឆ្នាំ២០២០ក្រុមហ៊ុននាំចូលថ្នាំកសិកម្មចំនួន ១០៣ ០០៥ តោន និងជីកសិកម្មចំនួន ១ ៤០៦ ៧៧៥ តោន។នេះបើតាមក្រសួងកសិកម្ម៕