ភ្នំពេញៈ កម្ពុជានឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្ម ខណៈបច្ចុប្បន្នវិស័យកសិកម្មនៅកម្ពុជាមិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Sudirman Haseng កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកានេះ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជា បានក្លាយជាវិស័យអាទិភាពមួយ ហើយកម្ពុជាក៏បានប្រែក្លាយជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ផង។
លោកបន្ថែមថា ជាមួយនឹងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ី លោកសង្ឃឹមថា ក្នុងពេលឆាប់ៗនេះនឹងមានវិនិយោគិនឥណ្ឌូនេស៊ី ចូលមកវិនិយោគលើវិស័យកសិកម្ម រួមទាំងការកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃនៅកម្ពុជា។
លោកថ្លែងថា៖«ស្ថានភាពនៃវិស័យកសិកម្មនៅកម្ពុជាកំពុងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងសកលកូវីដ១៩។ យើងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្ឌូនេស៊ីដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត»។
យោងតាមលោក សាខុន ផលិតផលកសិកម្មកម្ពុជាដែលកំពុងមានសក្តានុពល មានជាអាទិ៍ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច និងស្វាយស្រស់ ជាដើម។
លោក Sudirman Haseng បានប្រាប់ថា លោកនឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀតក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាទៅដល់វិនិយោគិនឥណ្ឌូនេស៊ី។
បន្ថែមពីលើនេះលោក Sudirman Haseng ក៏បានប្រាប់ថា ភាគីឥណ្ឌូនេស៊ីកំពុងរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០តោនស្មើនឹង ៨៧,៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន៕