ភ្នំពេញៈ កម្ពុជាកំពុងយកចិត្តទុកដាក់លើនូវគំនិតផ្តួចផ្តើមក្នុងការបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូន ខណៈកម្ពុជាបាននិងកំពុងចូលរួមក្នុងទីផ្សារកាបូនស្ម័គ្រចិត្តជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសន្ទរកថានៃវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំដោយប្រទេសចិន នាថ្ងៃទី៣ ខែសីហា ក្រោមប្រធានបទ«ថាមពល អាកាសធាតុ បរិស្ថាន» លោក ហ៊ុន សែន បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ការរៀបចំវេទិកានេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការក្រើនរំលឹកឱ្យគ្រប់គ្នាមិនត្រូវបំភ្លេចចោលនូវបញ្ហាថាមពលអាកាសធាតុ និងបរិស្ថាន។
លោកបន្ថែមថា បញ្ហាថាមពលអាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្តៅគគុកសម្រាប់មនុស្សជាតិ ដែលវាបាននិងកំពុងបន្តការគំរាមកំហែងដល់សុខភាពមនុស្សជាតិសន្តិសុខស្បៀងហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ ការធ្វើបដិវត្តថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស។
លោកថ្លែងថា៖«ទោះបីកម្ពុជាជាប្រទេសមានកម្រិតនៃការអភិវឌ្ឍទាប ក៏រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ជាថាមពលអាកាសធាតុ និងបរិស្ថានជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែងក្រោមអភិក្រម [ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន]»។
លោកបន្ថែមថាជាមួយគ្នានេះកម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរនូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន។ លោកអះអាងថា៖«កម្ពុជាក៏បានចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនៅក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍»។
ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shell និងក្រុមហ៊ុន Gucci។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui» ផងដែរ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន៕