ភ្នំពេញៈ កម្ពុជានិង សហភាពអារ៉ាប់រួមបានឯកភាពគ្នាក្នុងបង្កើតក្រុមការងារដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។
ការលើកឡើងអំពីផែនការនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេរភាគីរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និង
លោក ថានី ប៊ីន អាម៉េដ អាល់ ហ្ស៊េរយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួមកាលពីថ្ងៃទី២៤ ខែមករា នៅទីក្រុងឌុយបៃ ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។ល។ ដែលសហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។
លោកបានថ្លែងបន្តថា៖« កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា និងអង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញពីឆន្ទៈចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមមួយកម្រិតទៀត។
លោក ថានីប៊ីន អាម៉េដ អាល់ហ្ស៊េរយូឌី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ដែលមានរយៈពេល ៦ខែ នេះ។ លោកបានបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត។