ភ្នំពេញៈ កម្ពុជា-នីហ្សេរីយ៉ា បានសន្យានឹងខិតខំរកមធ្យោបាយដើម្បីធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំកាន់តែធំបន្ថែមទៀត ខណៈផលិតផលកសិកម្មកម្ពុជា អាចនឹងមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញទៅទីនោះ។
ការសន្យានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៤០១ ៦៩៩តោន ស្មើនឹងជិត ៥៨ភាគរយនៃផែនការនាំចេញអង្ករចំនួន ៧០ម៉ឺនតោនក្នុងឆ្នាំ២០២៣។ ទឹកប្រាក់ដែលទទួលបានពីការនាំចេញអង្ករក្នុងរយៈពេលខាងលើ គឺប្រមាណ ២៧៨,៦៥លានដុល្លារ។
កាលពីខែកក្កដា ឆ្នាំ២០២២ នៅក្នុងជំនួបជាមួយលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី Folakemi I. Akinleye ធ្លាប់បានលើកឡើងថា នីហ្សេរីយ៉ា មានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជាទាក់ទងនឹងការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស កសិកម្ម និងបានស្នើឱ្យកម្ពុជា-នីហ្សេរីយ៉ាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ តាមរយៈការពិនិត្យលទ្ធភាពវិនិយោគរួមគ្នាលើវិស័យអាទិភាពមួយចំនួន ដើម្បីបម្រើសេចក្តីត្រូវការទៅវិញទៅមក និងការដោះដូរពាណិជ្ជកម្មទ្វេភាគី។
ជាការឆ្លើយតប លោក ឱក ប៊ុង បានស្នើឱ្យនីហ្សេរីយ៉ា ពិចារណាលើការនាំចូលទំនិញពីកម្ពុជាដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ កង់ និងកសិផល(អង្ករ ដំឡូងមី ផ្លែមៀន និងស្វាយជាដើម)។ បន្ថែមលើនេះ លោកក៏ស្នើឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាំងស្ថាប័នរដ្ឋ និងឯកជននីហ្សេរីយ៉ាដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងវិនិយោគ និងវិស័យសក្តានុពលគួរវិនិយោគរវាងប្រទេសទាំងពីរ៕