ភ្នំពេញ៖ រដ្ឋាភិបាលតាមរយះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា «CDC» បានអនុម័តនូវគម្រោងវិនិយោគចំនួន៤ដែលមានទឹកប្រាក់ជាង១៧លានដុល្លារដែលបង្កើតការងារបានជាង១ពាន់កន្លែងក្នុងសប្តាហ៍ទី៤នៃខែមិថុនានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។ ទី ២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។ ទី.៣- “JIAWAY DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២នាក់។ និងទី ៤- “LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕