ទីក្រុងឆុងឈីង ៖រដ្ឋាភិបាលនៃប្រទេសកម្ពុជា-ថៃ បានប្តេជ្ញាក្នុងការជួយសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនដើម្បីជម្រុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យកាន់តែរលូន ទោះបីជាប្រទេសនៃសមាជិកអាស៊ានទាំងពីរកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ១៩តាមសហគមន៍ក៏ដោយ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា និងលោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសថៃនាជំនួយទ្វេរភាគីដាច់ដោយឡែកមួយក្នុងទីក្រុងឆុងឈីងប្រទេសចិន។
លោកប្រាក់ សុខុនត្រូវបានដកស្រង់សំដីដែលបានសរសេរលើគណនីយហ្វេសប៊ុកផ្លូវការរបស់លោកថា៖« ខ្ញុំបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសថៃ អំពីកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ»។
«យើងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរខិតខំទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ យើងក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត»។ នេះជាការថ្លែងអះអាងរបស់លោកប្រាក់សុខុន។
ពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងថៃ សម្រេចបាន ៧ ២៣៦លានដុល្លារកាលពីឆ្នាំមុន ដោយធ្លាក់ចុះ២៣,១៧ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលភាគច្រើនបណ្តាលមកការផលរំខានពីការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មថៃ៕