ភ្នំពេញ៖ ថ្នាក់ដឹកកម្ពុជា-ថៃ នឹងធ្វើការត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមដោយ ផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្រ្តីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីបន្ទាប់ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។
អង្គប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា៥៤% វឌ្ឍនភាព និងការសាងសង់បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ(ចំនួន០៧ ) បង្គន់អនាម័យ (០២) ការចុះ ត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំលំហូរចរាចណ៍ និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារសង្ខេបគម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែងចែកតួនាទី និងភារកិច្ចក្រុមការងារទទួលបន្ទុករៀបចំ ក្រុមការងារទទួលបន្ទុកការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅសេសសល់មិនទាន់សម្រេចរវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមដំណើរទស្សនកិច្ចនេះផងដែរ។
លោកស្រីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានលើកឡើងបន្ថែម និងសង្កត់ធ្ងន់លើចំនុចសំខាន់ៗមួយ ចំនួននៃកិច្ចប្រជុំដែលរួមមាន៖ ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតី សម្រាប់ថ្នាក់ដឹកនាំពិនិត្យ។
លោកស្រីក៏បានស្នើឱ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ នេះទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ ដើម្បីត្រៀមក្នុងករណីត្រូវលើកឡើង ជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធផងដែរ៕