ភ្នំពេញ៖កម្ពុជា និងម៉ាឡេស៊ី កាលពីថ្ងៃពុធបាន ដាក់ឲ្យដំណើរការជាផ្លូវការ នូវការទូទាត់ឆ្លងកាត់ព្រំដែនតាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ជាមួយធនាគារMaybank ដែលអនុញ្ញាតឱ្យមានការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ កាន់តែរហ័ស និងងាយស្រួលភ្លាមៗ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃ NBC បានឲ្យដឹងថា ការដាក់ឲ្យដំណើរការ ដែលសហការគ្នានេះ គឺជាចំណុចចាប់ផ្ដើមដ៏ល្អរវាងប្រទេសអាស៊ានទាំងពីរនេះ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ប្រជាជនអាចផ្ទេរប្រាក់កាន់តែងាយស្រួល និងកាន់តែរហ័សថែមទៀត។
លោកស្រីថ្លែងថា៖ «កិច្ចសហការគ្នានេះ គឺគ្រាន់តែជាការចាប់ផ្ដើមដំបូងប៉ុណ្ណោះ ហើយខ្ញុំជឿជាក់ថា យើងនឹងមានការសហការជាមួយគ្នាជាច្រើនថែមទៀត ជាឧទាហរណ៍ នៅពេលនេះ គឺជាការផ្ទេរប្រាក់តែម្ខាង ប៉ុន្តែយើងក៏បន្តការងារការផ្ទេរប្រាក់ទាំងពីរ ដែលប្រជាជនមកពីប្រទេសម៉ាឡេស៊ី ក៏អាចផ្ញើប្រាក់មកពីបាគង ទៅកម្មវិធីធនាគារMaybank របស់ពួកគេទៅធនាគារក្នុងស្រុកនៅក្នុងប្រទេសម៉ាឡេស៊ីបានផងដែរ»។
លោកDato’ MohdHanif Saudi អគ្គនាយកធនាគារ Maybank Cambodia បានឲ្យដឹងថា កិច្ចសហការគ្នានេះ នឹងឆ្លើយតបនឹងការអភិវឌ្ឍបច្ចុប្បន្ននៃការទូទាត់ឆ្លងកាត់ព្រំដែន ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនកម្ពុជា ដែលកំពុងធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវការផ្ញើប្រាក់ទៅផ្ទះដែលត្រូវចំណាយពេលច្រើនថ្ងៃ។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ជាមួយនឹងគម្រោងបាគង យើងអាចជួយ និងដោះស្រាយបញ្ហាដែលយើងមាននៅពេលបច្ចុប្បន្ន។ ពិតហើយ យើងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើជាផ្នែកមួយនៃគម្រោងបាគងនេះ។ ដោយមានគម្រោងបាគងនេះ ខ្ញុំគិតថា នៅពេលនេះ គ្រប់គ្នាអាចផ្ទេរប្រាក់របស់ខ្លួន និងផ្ញើប្រាក់ទៅផ្ទះបានភ្លាមៗ និងងាយស្រួល។ នោះគឺជាបរិយាប័ន្នហិរញ្ញវត្ថុ ដែលផ្ដល់លទ្ធភាពដល់គ្រប់ៗគ្នា ដល់សហគមន៍ដែលតយើងបម្រើ ទោះបីជាពួកគេកំពុងរស់នៅតាមតំបន់ជនបទក៏ដោយ»៕