ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរជាថ្មីម្តងទៀត ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ប្រកបដោយភាពជោគជ័យ និងដែលឯកឧត្តមត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរមតិ និងយោបល់មួយចំនួនដើម្បីអនុវត្តឱ្យបានល្អនូវការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដែលមេដឹកនាំអាស៊ានបានអនុម័តនៅខែមេសាកន្លងទៅ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ឯកឧត្តម ចំពោះបេសកកម្មរបស់ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ានរបស់យើង។