ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ។
ការលើកឡើងរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយលោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ដែលបានតែងតាំងថ្មី និងលោកស្រី Camilla Lombard អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីជំនាញ ប្រមាណ ២៥រូប។
លោកស្រី កំរងបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣។
លោកស្រីបានបញ្ជាក់ថា។៖« ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយដើម្បីបម្រើដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើតការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងជាពិសេសការចូលរួមក្នុងកិច្ចការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣»៕