(ភ្នំពេញ)៖ ប្រទេសកម្ពុជា និង ស៊ុតអ៊ែតប្តេជ្ញាបន្តថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ បានជួបប្រជុំជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែត បាននិងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិនិងពិភពលោក។
១-គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ២-សិទ្ធិការងារ និង៣-ការអភិវឌ្ឍធនធានមនុស្ស
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន២ គម្រោងទី១ស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងទី២ស្តីពី “មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ” ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។ បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) កំពុងសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀតដោយផ្តោតសំខាន់លើការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសស៊ុយអ៊ែត ដែលបានជួយគាំទ្រ និងផ្តល់ជំនួយជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ ទាំងការអភិវឌ្ឍរៀងរហូតមក។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំប្រទេសស៊ុយ អ៊ែត ជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមសាកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។
លោកឯកអគ្គរាជទូត ប៊ីយ៉ន ហេងម៉ាក បានថ្លែងថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-ស៊ុយអ៊ែត មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវក៏ជាសមិទ្ធផលមួយដែលភាគីស៊ុយអ៊ែតបាននិងកំពុងជួយគាំទ្រយ៉ាងពេញទំហឹងផងដែរ។
ភាគីស៊ុយអ៊ែតបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដំបូងគេបង្អស់នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។
លោកឯកអគ្គរាជទូតនឹងនាំយកនូវព័ត៌មានល្អៗនិងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកជឿជាក់ថា សហការីរបស់ឯកឧត្តមដែលនឹងមកបន្តដំណែងជំនួសឯកឧត្តម នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីកម្ពុជា ហើយបន្តសម្រេចអោយបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត៕