(រាជធានីភ្នំពេញ)៖ លោកស្រីតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រកាសបើកក្នុងការប្រកាសសម្ពោធដាក់ឲ្យដំណើរការ “កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម”។
ការដាក់ឱ្យដំណើការកម្មវិធីនេះត្រូវបានធ្វើឡើងនៅសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៨៥ នាក់ ដែលជាតំណាងមកពីវិស័យឯកជន និងសហគ្រិននានា។
កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងគឺពង្រឹង និងលើកកម្ពស់សហគ្រិនភាពរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងពិភពលោក។កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារវាង ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសហការអនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោកស្រីបានលើកពីសមិទ្ធិផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម រួមមាន ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងផ្ដល់ផ្លែផ្លាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕