រាជធានីភ្នំពេញថ្ងៃសុក្រ ទី១៨ខែសីហាឆ្នាំ២០២៣ធនាគារអេស៊ីលីដាភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាផ្លូវការនៅថ្ងៃនេះថាធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖កម្ពុជាស្កេនឡាវ QR Codeក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាននិងបរិយាប័ន្នហិរញ្ញវត្ថុស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
បណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារអេស៊ីលីដាជាសមាជិកនិងត្រូវបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជា (NBC) ជាធនាគារទំនាក់ទំនងធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេនQR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារអេស៊ីលីដាភីអិលស៊ីនិងធនាគារអេស៊ីលីដាឡាវ លីមីតធីតត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជានិងឡាវសម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលនិងឡាវគីប)។
លោកបណ្ឌិត បានបន្ថែមថាការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរនិងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុនិងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈQR Code អនុញ្ញាតឱ្យអតិថិជននិងសាធារណជន អាចទិញទំនិញនិងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេនQR Code បានកាន់តែមានភាពងាយស្រួលនិងមានសុវត្ថិភាព។ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរនិងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់និងកាត់បន្ថយចំណាយប្រតិបត្តិការ។ជាងនេះទៅទៀតសម្រាប់ជំហានបន្ទាប់អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀលពីគណនីធនាគារតាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការស្កេនKHQR នៅកម្ពុជា បានយ៉ាងងាយស្រួលនាពេលខាងមុខនេះផងដែរ។
ធនាគារអេស៊ីលីដាភីអិលស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា២) អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី៣) ធនាគារអេស៊ីលីដាឡាវលីមីតធីតនិង៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាមីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣នេះធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៩,៣៣ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៦,៤០ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៦,៧៨ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៨៦លាននាក់។ធនាគារអេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើនជាង២,៩៦លាននាក់និងមានដៃគូអាជីវកម្មច្រើនជាង០,២៧ លានដៃគូគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣៕