ភ្នំពេញ៖ទំហំពាណិ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២១ សម្រេចបានក្នុង ទឹកប្រាក់ជាង៥០០លានដុល្លារ កើនឡើង១៣,១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ ការនាំចេញពីកម្ពុជា ទៅម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ជាង១០១លានដុល្លារ កើនឡើង២,៦២ ភាគរយ ខណៈដែលការនាំចូលពីម៉ាឡេស៊ីមកកាន់វិញមានទំហំទឹកប្រាក់ ជាង៣៩៩ លានដុល្លារ កើនឡើង១៦,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នៅឆ្នាំ២០២០ កម្ពុជា នាំចេញទៅម៉ាឡេស៊ី មានតម្លៃទឹកប្រាក់ជាង៩៨លានដុល្លារ និងនាំចូលមកវិញ មានតម្លៃជាង ៣៤៣ លានដុល្លារ។ ហើយតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)គិតត្រឹមឆ្នាំ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជា ជាង៣,១៥ ពាន់លានដុល្លារ។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២កាលពីថ្ងៃទី១៧ខែកុម្ភៈលោក សុខចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការក.អ.ក. បានមានប្រសាសន៍ថា វាគឺជាការ ចាំបាច់ណាស់ ដែលកម្ពុជា ត្រូវតែមានការកែលម្អបរិស្ថាន វិនិយោគសំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ-១៩ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវ អភិក្រមបុរេសកម្មជាងមុនក្នុងការជំរុញនិងទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។
លោកបានបញ្ជាក់ថា៖«ច្បាប់វិនិយោគនេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចបដិវត្តន៍ឧស្សាហកម្ម៤.០បរិវត្តកម្មឌីជីថលនិងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។
លោកមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែ ច្បាស់និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះនិងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោក អ៊ិលដិន ហ៊ូសៃនី ម៉ូត ហាស៊ីម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំកម្ពុជាយល់ឃើញថា ច្បាប់ស្តីពីវិនិយោគនេះបានបង្ហាញកាន់តែច្បាស់នូវការលើក ទឹកចិត្តដល់វិនិយោគិនក្នុងស្រុកនិងបរទេសហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។
លោកបានគូសបញ្ជាក់ថា៖«រាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្តនិងការការពារវិនិយោគសំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួលរលូននិងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយច្បាប់ស្តីពីវិនិ យោគនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំទៀតថាតាមរយៈច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុង ការ ជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់»។