ភ្នំពេញៈកម្ពុជានាំចេញទៅទីផ្សារជប៉ុននៅតែបន្តកើនឡើងទោះបីប្រទេសទាំងពីកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៃការផ្ទុះសហគមន៍ដែលកំពុងញាំញីដល់សកម្មភាពសេដ្ឋកិច្ចនិងសុខភាពប្រជាជនក្តី។
បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសជប៉ុនក្នុងឆមាសទី១ ឆ្នាំ២០២១ មានតម្លៃជិត ៨១៥លានដុល្លារ កើនឡើងតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជាង ១,១ពាន់លានដុល្លារ។
ទិន្នន័យ Jetro កាលពីចុងសប្តាហ៍ បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ទំនិញដែលកម្ពុជានាំទៅជប៉ុនមានតម្លៃ ៨១៤,៥៣លានដុល្លារ កើនឡើង ២,៧ភាគរយពីចំនួន ៧៩៤,១៩លានដុល្លារ ចំណែកទំនិញដែលប្រទេសជប៉ុននាំមកកម្ពុជាវិញ មានតម្លៃ ២៩៥,២៣លានដុល្លារ កើនឡើង ៣៥ភាគរយពីចំនួន ២១៨,៦១លានដុល្លារ។ ជាមួយកំណើនទឹកប្រាក់នាំចេញ និងនាំចូលក្នុងរយៈពេលខាងលើ បានធ្វើឱ្យទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងទាំង២ មានតម្លៃសរុប ១ ១០៩,៧៧លានដុល្លារ កើនឡើង ៩,៥៧ភាគរយ ធៀបនឹង ១ ០១២,៨១លានដុល្លារកាលពីឆមាសទី១ ឆ្នាំ២០២០។
ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងបង្គុំអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលកសិកម្ម ខណៈការនាំចូលពីជប៉ុន មានដូចជា គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន ក្នុងឆ្នាំ២០២០ មានទឹកប្រាក់សរុប ២ ១០១,៧៨លានដុល្លារ ធ្លាក់ចុះ ៨,៣៥ភាគរយធៀបឆ្នាំ២០១៩ ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៦១៧,០៨លានដុល្លារ ធ្លាក់ចុះ ៦,៦ភាគរយ និងនាំចូលមានទឹកប្រាក់ ៤៨៤,៧០លានដុល្លារ ធ្លាក់ ១៣,៨ភាគរយ។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro៕