ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារជាតិថៃបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែន រវាងកម្ពុជា និងថៃ ដែលអនុញ្ញាតឲ្យជនជាតិថៃដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QR បានដូចគ្នានឹងជនជាតិខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសថៃដែរ ។
គិតមកទល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល នៅកម្ពុជាស្កេនទូទាត់នៅក្នុងប្រទេសថៃបានរហូតដល់ ៥២លានរៀលនៅក្នុងមួយថ្ងៃៗ រីឯចំនួនប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចាប់តាំងពីធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០មកប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់។
ដោយសារអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២លានរៀលក្នុងមួយថ្ងៃ ។ គិតចាប់ពីខែកុម្ភៈឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់មានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់សរុបប្រមាណ ២៧លានបាត ។
លោកបណ្ឌិតបានជម្រាបបន្ថែមទៀតថា ឥទ្បូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជននៃធនាគារពីប្រទេសថៃមកស្កេននៅលើ KHQRរបស់ពាណិជ្ជករធនាគារនីមួយៗនៅកម្ពុជា ដែលជាសមាជិកBakong បានហើយ ដែលបច្ចុប្បន្នសមាជិករបស់Bakongមានចំនួនសរុប ៤៨ធនាគារ/ស្ថាប័ន។
លោកបានធ្វើការបញ្ជាក់បន្ថែមទៀតថា ដើម្បីអាចស្កេនទូទាត់ឆ្លងដែនពីកម្ពុជា នៅប្រទេសថៃបាន អតិថិជនត្រូវមានគណនីជាប្រាក់រៀល ហើយពាណិជ្ជករថៃ(Merchant) ត្រូវមានស្លាកសញ្ញា ThaiQRPromptpayរបស់ធនាគារចំនួនប្រាំនៅប្រទេសថៃមានដូចជា៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhyaនិង Siam Commercial Bank។
លោកបានបញ្ជាក់បន្តទៀតថា នៅប្រទេសកម្ពុជា មានធនាគារទំនាក់ទំនង(Sponsoring Banks)ចំនួនបី មានដូចជា៖ACLEDA Bank Plc, Cambodia Commercial Bank (CCB)និង Foreign Trade Bank (FTB) សម្រាប់គាំទ្រអតិថិជនធ្វើប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សូមបញ្ជាក់ថា ចំពោះកម្រៃសេវាសម្រាប់ប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនរវាងខែ្មរ ស្កេន ថៃ និងថៃ ស្កេន ខ្មែរ គឺមិនគិតថ្លៃសេវាឡើយ៕