ក្រុងបាត់ដំបង៖ ជាមួយការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុហៅកាត់ថា Fintech ធនាគារអេស៊ីលីដាបានលើកឡើងថាការដាក់ពាក្យស្នើសុំឥណទានតាមប្រព័ន្ធជីឌីថល មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះដែលធនាគាររបស់លោកទទួលបានការស្នើសុំតាមប្រព័ន្ធអនឡានក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២០។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យការិយាល័យអេស៊ីលីដាសាខាស្រុកបាណន់ខេត្តបាត់ដំបងកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ ចំនួនអ្នកស្នើសុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ អេស៊ីលីដា មិនសូវមាននោះទេ។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីអតិថិជនភាគច្រើនបានងាកមកប្រើប្រាស់សេវាស្នើសុំឥណទានតាមឌីជីថល ព្រោះវាមានភាពងាយស្រួល មិនស្មុគស្មាញ និងចំណាយពេលវេលាតិច។
លោកបានថ្លែងថា៖« គិតចាប់ពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់ អេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ខ្ពស់។ ការកើនឡើងចំនួនអ្នកស្នើសុំឥណទានតាមឌីជីថលនេះកើតឡើងក្រោយអេស៊ីដាបានខិតខំអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឌីជីថលជាបន្តបន្ទាប់ក្នុងការបម្រើអតិថិជន ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅឆ្នាំ២០២១ អេស៊ីលីដាបានទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំនួន៨៥លានប្រតិបត្តិការកើនឡើង៦១% ដែលមានទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០។
លោកស្រីបានថ្លែងបន្តទៀតថា ការទូទាត់ប្រាក់តាមអេឡិចត្រូនិករបស់អេស៊ីលីដាបានរួមចំណែកទីផ្សារប្រតិបត្តិការ១២,១៩% និងទំហំប្រតិបត្តិការ១៧,១៦% នៃចំនួនប្រតិបត្តិការសរុបរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅឆ្នាំ២០២១។
បើយោងតាមលោកបណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់បន្ថែមថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីដាបច្ចុប្បន្នមានរហូតដល់៩៤% ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តីលោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា អេស៊ីលីដានឹងបន្តពង្រីកការិយាល័យនៅតាមរាជធានីខេត្តឲ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ នេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ លោកបណ្ឌិត បន្ថែមថា ក្នុងចំណោមប្រាក់បញ្ញើសន្សំសរុបរបស់អេស៊ីលីដាជាង៥ពាន់៤រយលានដុល្លារអាមេរិក មានការរួមចំណែក៧០% ពីអតិថិជននៅរាជធានីភ្នំពេញ រីឯទំហំឥណទានដែលមានជាង៥ពាន់លានដុល្លារអាមេរិកដូចគ្នា៧០% ត្រូវបានក្តោបក្តាប់ដោយអតិថិជនតាមបណ្តាខេត្ត។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់កាលពីពេលថ្មីៗថា នៅឆ្នាំ២០២១គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត៧រយលានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត២រយពាន់លានដុល្លារអាមេរិកស្មើនឹង៧៨៧% នៃផលិតផលសរុប៕