ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃ ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានសម្រេចសហការជាមួយក្រសួងកសិកម្មរបស់កម្ពុជាបង្កើតក្រុមការងារបច្ចេកទេស ដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Zhang Lubiao
ដែលបានដឹកនាំគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានថ្លែង ចំពោះវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ។
លោកមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។
លោក Zhang Lubiao បានមានប្រសាសន៍ថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
លោកបានបន្ថែមថា ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការនៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។
លោករដ្ឋមន្ត្រីឯកភាពចំពោះការលើកឡើងរបស់ Zhang Lubiao ជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការរំពឹងទុក លោករដ្ឋមន្ត្រីស្នើដល់ក្រុមការងារជំនាញពីក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស៕