ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងមានការចូលរួមពី លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្ដិការជាមួយអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម សមាជិក សមាជិកា នៃរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឱ្យទទួលបានជោគជ័យ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈាង វុន ប្រធានអង្គប្រជុំ បានជម្រាបអំពីកិច្ចសហប្រតិបត្តិការរវាងសភា CLV ដែលរៀបចំក្នុងរយៈពេល២ឆ្នាំម្តង និងតួនាទីដ៏សំខាន់របស់អង្គនីតិប្បញ្ញត្តិក្នុងការគាំទ្រអង្គនីតិប្រតិបត្តិដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានិងរដ្ឋាភិបាល។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា ប្រែក្លាយមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ការកៀរគរវិនិយោគក្នុងនិងក្រៅប្រទេស ការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រសួងសម្របសម្រួល បានខិតខំប្រឹងប្រឹងយ៉ាងខ្លាំងក្នុងការសហការជាមួយក្រសួង / ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្តនៃប្រទេសទាំងបីដើម្បីអនុវត្តកិច្ចព្រមព្រៀង/ ការសម្រេចរបស់ប្រមុខដឹកនាំ CLV ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីចំណុចសំខាន់ៗ ដែលប្រទេសទាំងបីត្រូវខិតខំអនុវត្ត រួមមាន ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ CLV DTA ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អេកូទេសចរណ៍ និងទប់ស្កាត់ការបំផ្លាញបរិស្ថានដែលជាអាយុជីវិតរបស់យើងនៅអនាគត ផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ CLV DTA ដោយខិតខំបង្កើតរោងចក្រកែច្នៃកៅស៊ូ និងពង្រឹងគុណភាពកៅស៊ូសម្រាប់លក់ចេញទៅទីផ្សារធំៗ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ និងសមត្ថភាពបុគ្គលិកសុខាភិបាល ក៏ដូចជាការបង្កើតសាលាពហុជំនាញជូនយុវជន ដើម្បីពួកគេអាចស្នងការអភិវឌ្ឍ និងបន្តកេរ្តិ៍មរតកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូននៅក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយសំណួរផ្សេងៗរបស់អង្គប្រជុំ និងបានបកស្រាយយ៉ាងក្បោះក្បាយ ដោយបានជម្រាបអង្គប្រជុំបន្ថែមអំពីការកែសម្រួលផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ក្នុង CLV DTA ដល់ឆ្នាំ ២០៣០ ដោយបញ្ចូលការអភិវឌ្ឍតាមរបបជីវភាពថ្មីក្រោយសម័យកូវីដ (New Normal) តាមរយៈការធ្វើពាណិជ្ជកម្មតាមព្រំដែន និងប្រក្រតីភាពនៃសង្គមនិងសេដ្ឋកិច្ចរបស់យើង ក៏ដូចជាផែនការ និងគម្រោងជាក់លាក់ដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV រហូតដល់ឆ្នាំ២០៣០ ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត CLV។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានអនុគណៈកម្មការជំនាញទាំង៤ ដែលស្ថិតក្រោមគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក៏បានសេចក្តីរាយការណ៍លំអិតអំពីវឌ្ឍនភាព បញ្ហាប្រឈម ក៏ដូចជាទិសដៅការងារនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ CLV-DTA ក្រោមដែនសមត្ថកិច្ចរៀងៗខ្លួន។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងពាណិជ្ជកម្ម ដែលបានខិតខំយកចិត្តទុកដាក់សម្របសម្រួលការងារក្នុងក្របខណ្ឌ CLV រហូតមក ដែលបានរួមចំណែកធ្វើឱ្យតំបន់អភិវឌ្ឍន៍ CLV កាន់តែរីកចម្រើនបន្ថែមទៀត៕