ខេត្តស្ទឺងត្រែង៖ ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានចំណាយថវិកាជិត៧០លានដុល្លារ ក្នុងរយៈពេលជាង៣ឆ្នាំ ដើម្បីដាំដុះស្វាយ៦ប្រភេទ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
នៅអំឡុងពេល ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទៅពិនិត្យចំការស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង Mr.Jackyនាយកចាត់ការទូទៅក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាននិយាយថា កម្មវត្ថុនៃផលិតកម្មស្វាយ របស់ក្រុមហ៊ុន គឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។ ហើយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ សម្រាប់ការវិនិយោគលើចំការស្វាយនេះ ។
លោកបានបន្ថែមថា ពូជស្វាយដែល ក្រុមហ៊ុនបានដាំដុះ ត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្ត្រាលី ដែលរួមមានរួមមាន ពូជ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , និង Guire។ហើយមកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហិកតា ហើយ ស្មើនឹង ១២ភាគរយ ធៀបនឹងផែនការមលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ហិកតា។
លោកបានបង្ហាញពីបារម្ភថា៖« បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្ត្រីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។
លោកបានបញ្ជាក់ថា៖« ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ ។ ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការ បង្កើតការងារ មានការងារ មានចំណូល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងលើក ទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស»៕