ទីក្រុងសេអ៊ូលៈ Coupangជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញប្រាក់ចំណេញ ៤,៧ពាន់ពាន់លានវ៉ុន (៤,២ពាន់លានដុល្លារ)ដែលបំបែកកំណត់ត្រា ក្នុងអំឡុងពេលត្រីមាសទី១ឆ្នាំនេះ ដោយសារតែអាជីវកម្មបន្តរីកចម្រើនបើនិយាយអំពីទំហំ ប៉ុន្តែប្រតិបត្តិការរបស់ខ្លួនខាតបង់ជិតពីរដង ដោយសាររតែការកើនឡើងការចំណាយលើប្រតិបត្តិការ និងរដ្ឋបាល។
យោងតាមរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុន ប្រាក់ចំណូលបានកើនឡើង ៧៤ភាគរយធៀបនឹងរយៈពេលមួយឆ្នាំមុន ដែលជាតួលេខលក់ធំជាងគេនៅត្រីមាសទី១ របស់ខ្លួនមកដល់ពេលនេះ។
ក្រុមហ៊ុនដែលជួញដូរនៅលើផ្សារហ៊ុនNew York Stock Exchange បានឲ្យដឹងកាលពីថ្ងៃពុធថា៖ «យើងបានបញ្ចប់ត្រីមាសនេះជាមួយនឹងអតិថិជនដ៏សកម្មចំនួន១៦លាននាក់ កើនឡើង២១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងអត្រារក្សាទុកអតិថិជនខ្ពស់ និងការបន្ថែមអតិថិជនថ្មីជាច្រើនទៀត»។
ការខាតបង់ផ្នែកប្រតិបត្តិការរបស់ខ្លួន បានកើនឡើងដល់៣៣០ពាន់លានវ៉ុន (២៩៥លានដុល្លារ) កើនឡើង១៨០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនបានពន្យល់ថា ការកើនឡើងការចំណាយផ្នែកប្រតិបត្តិការ ទូទៅ និងរដ្ឋបាល នៅត្រីមាសទី១នេះ រួមមានការចំណាយសំណងដោយផ្អែកលើសមធម៌សរុបចំនួន៨៧លានដុល្លារ មួយផ្នែកដោយសារតែការចំណាយ៦៦លានដុល្លារ ដែលជាប់ទាក់ទងនឹងការចំណាយពានរង្វាន់សមធម៌ ស្របជាមួយនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុនកាលពីដើមឆ្នាំនេះ។
ក្រុមហ៊ុន Coupangបានមើលឃើញការលក់របស់ខ្លួនកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ តួលេខនេះបានកើនឡើងដល់២,៦ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ២០១៧ និង៤,៣ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ២០១៨ មុនពេលវាបានកើនឡើងដល់៧,១ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ២០១៩ និង១៣,៩ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ២០២០៕