ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន ១០០ ០០០ TEUs ក្នុង១ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាល។
ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ បាវី បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានពង្រីកសមត្ថភាពផ្ទុកកុងតឺន័ររបស់ខ្លួន ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។ គម្រោងនេះបានប្រើប្រាស់ទុនវិនិយោគប្រមាណ ១៨,៤ លានដុល្លារ ដែលជាថវិកាផ្ទាល់របស់ ក.ស.ភ. ទាំងអស់បានមកពីប្រាក់ចំណេញ និងប្រាក់សន្សំអភិវឌ្ឍសហគ្រាស។
ចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នេះមានទីតាំងនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លើផ្ទៃដីទំហំ ២,៧៥ហិកតា។ គម្រោងនេះស្ថាបនាដោយក្រុមហ៊ុន សៀង ហៃខនស្ត្រាក់សិន តាមរយៈនីតិវិធីដេញថ្លៃអន្តរជាតិ សាធារណៈ ដោយបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០១៩ និងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២១។ បើយោងតាមលោក ហ៊ឺ បាវី កំណើនកុងតឺន័រឆ្លងកាត់ ក.ស.ភ. ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី ១៥-១៨%៕