ភ្នំពេញៈ កម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុដែលជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រសំខាន់ជាងគេរបស់កម្ពុជា ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
យោងតាមលើអនុក្រឹតលេខ ៨២ អនក្រ.បក ស្តីពី« ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ប.ដ.)»ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា។
យោងតាមខ្លឹមសារអនុក្រឹត្យ គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ដែលមានសមាជិកជាមន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និងអភិបាលខេត្តព្រះសីហនុ សរុប ២៥រូប នេះមានតួនាទី និងភារកិច្ច មួយចំនួនដូចជា ដឹកនាំ និងសម្របសម្រួលអន្តរក្រសួង ស្ថាប័ន ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ, តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ, រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ជូនក្រុមប្រឹក្សារៀបចំផែនការមេ និងធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។
គួររំលឹកថា កំពង់ផែក្រុងព្រះសីហនុននេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ ខាងមុខ ដោយគ្រោង បញ្ចប់នៅចុងឆ្នាំ២០២៤៕