ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានសុទិដ្ឋិនិយមខ្ពស់ថា ខេត្តព្រះសីហនុគឺនឹងកាន់តែជាប៉ូលសេដ្ឋកិច្ចសំខាន់ជាងគេមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនចិន រៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្រោយពេលដែលលោកបានចូលរួម កិច្ចប្រជុំរវាងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃគណៈអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជានាយកគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសហ៊ុកផ្លូវការរបស់លោកថា ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៏ជាច្រើន។
ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025។
លោកបានសរសេរបន្ថែមទៀតថា ៖«ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព»។
«ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិយើង»។ នេះបើយោងតាមការថ្លែងអះអាងរបស់លោកឡុង ឌីម៉ង់។
កាលពីថ្ងៃទី១៧ ខែតុលាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចជ្រើសរើសវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន(UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី និងជាមជ្ឈមណ្ឌលឡូជីស្ទីក និងរមណីយដ្ឋានក្នុងតំបន់។
ផែនការមេនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការអភិវឌ្ឍក្រុងព្រះសីហនុទៅជា«ទីក្រុង Shenzhen ទី ២» ស្របតាមការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។ ការអភិវឌ្ឍផែនការមេនេះ អាចចំណាយពេលប្រហែល ១៨ខែ និងបែងចែកជា ៤ដំណាក់កាល គឺការប្រមូលទិន្នន័យ និងការស្ទង់ទីតាំង, ការវាយតម្លៃ និងការស្នើសុំ, ការរៀបចំផែនការមេ និងការបញ្ចប់គម្រោងផែនការមេ៕