ភ្នំពេញៈ ប្រាក់ចំណូលពីវិស័យទេសចរអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០២០ មានប្រមាណជាង ១ពាន់លានដុល្លារ ធ្លាក់ចុះជិត ៨០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
របាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២០ ដែលចេញផ្សាយថ្មីៗនេះ បង្ហាញថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍នៅកម្ពុជាដោយប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២០ មានត្រឹម ១,០២៣ពាន់លានដុល្លារធ្លាក់ចុះ៧៩,២ភាគរយបើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៤,៩១៩ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរអន្តរជាតិមកប្រទេសកម្ពុជាមានចំនួន ១,៣១លាននាក់ ថយចុះ ៨០,២ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦,៦១លាននាក់។
ការធ្លាក់ចុះដ៏គំហុកនេះ បានធ្វើឱ្យចំនួនទឹកប្រាក់ដែលវិស័យទេសចរណ៍នៅកម្ពុជាចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២០ មានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ មានប្រមាណ ១២,១ភាគរយ៕