ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានស្នើដល់លោកនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីធ្វើការគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យការវិនិយោគទាំងនោះដំណើការដោយរលូន។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានជម្រាបជូនសម្តេចតេជោ អំពីការងារដែលធ្វើបន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ខណៈជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក គីស៊ីដា ហ្វូមីអូ ក៏បានលើកពីការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន-កម្ពុជាផងដែរ ដែលផ្តោតជាពិសេសលើវិស័យសន្តិសុខ។
លោកក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុននឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ដល់ប្រជាជននៃប្រទេសទាំង២។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការរង់ចាំទទួលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
សូមជម្រាបថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។
សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ៕