ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដានេះ បានបន្តធ្លាក់ចុះថែមទៀត ដោយប្រេងសាំងធម្មតា មានតម្លៃ ៤ ៨០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ ៥ ៣០០រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមការជូនដំណឹងនេះ តម្លៃប្រេងសាំងធម្មតា គឺបានចុះពីថ្លៃ ៤៥០រៀល និងប្រេងម៉ាស៊ូត ចុះ ៣០០រៀលក្នុង១លីត្របើធៀបនឹងរយៈពេល ១០ថ្ងៃមុន(ថ្ងៃទី១១-២០ ខែកក្កដា) ដែលអំឡុងពេលនោះ ប្រេងសាំងធម្មតា មានតម្លៃ ៥ ២៥០រៀល និងប្រេងម៉ាស៊ូត មានតម្លៃ ៥ ៦០០រៀលក្នុង១លីត្រ។
តម្លៃប្រេងឥន្ទនៈនៅទីផ្សារអន្តរជាតិ បានចាប់ផ្តើមធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់ពីដើមខែកក្កដានេះមក ក្រោយពីប្រទេសឥណ្ឌា និងអ៊ីរ៉ង់ បានបង្កើនការទិញប្រេងពីប្រទេសរុស្ស៊ី ដោយនិន្នាការនៃការធ្លាក់ចុះនេះអាចនឹងបន្តនៅក្នុងករណីដែលប្រទេសទាំងនេះបន្តសហការគ្នាលើការកាត់បន្ថយសម្ពាធនៃវិបត្តិតម្លៃប្រេងនេះ។
កម្ពុជា ជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីទីផ្សារអន្តរជាតិ ដូច្នេះនៅពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិធ្លាក់ចុះ តម្លៃប្រេងឥន្ទនៈនៅកម្ពុជាក៏ចុះទៅតាមនោះដែរ។
តម្លៃប្រេងឥន្ទនៈលក់រាយនៅកម្ពុជា បានកើនឡើងខ្ពស់បំផុតកាលពីចុងខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា មានតម្លៃ ៥ ៨០០ រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ ៦ ៣០០រៀល៕