ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងអង្គការផេកកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ«ទស្សនាវដ្តីនៅក្នុងដៃនាង»ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា នូវឧបករណ៍សម្រាប់កសាងអាជីវកម្មរបស់ពួកគេ។
តាមសេចក្តីប្រកាសព័ត៌មានភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី៨ ខែមិថុនា បានបញ្ជាក់ថា តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀបដែលអាចឱ្យសហគ្រិនដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះ នៅក្នុងអាជីវកម្មរបស់ពួកគេដូចជា របៀបចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិតអំពី ជំហានសំខាន់ៗដែលត្រូវការដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាសស្របច្បាប់ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
លោកស្រី Hanh Nguyen នាយកបេសកកម្មស្តីទីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ គាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់ពលរដ្ឋ និង ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ហើយការទទួលបានព័ត៌មាន ពិតជាសំខាន់ចំពោះការចូលរួមនោះ។
លោកស្រីថ្លែងថា៖«ទស្សនាវដ្តីនេះនឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជានូវព័ត៌មានដែលពួកគេត្រូវការដើម្បីចាប់ផ្តើម និងពង្រីក អាជីវកម្មរបស់ពួកគេ»។
លោកស្រី Sabine Joukes នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជា បានថ្លែងថា ទស្សនាវដ្តីនេះគាំទ្រសហគ្រិនស្ត្រី ក្នុងការធ្វើឱ្យអាជីវកម្មក្នុងក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ទស្សនាវដ្ដីនេះបង្ហាញរឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រីអំពី បញ្ហាប្រឈមរបស់ពួកគេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានាដើម្បីឱ្យសហគ្រិនស្ត្រីអាចដោះស្រាយ បញ្ហាទាំងនោះបាន៕