ព្រះសីហនុ៖ ទីក្រុងចំនួន២១ នៃប្រទេសសមាជិកអាស៊ាន បានទទួលពាន់រង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មានទីក្រុងចំនួន៣របស់ប្រទេសកម្ពុជាផងដែរ។
នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុង និងតំណាងទីក្រុងជ័យលាភីទាំង២១នោះផងដែរ។ ការប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ជាទីដែលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។
ទីក្រុងទាំង២១ដែលទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នោះ រួមមាន៖
* ប្រទេសព្រុយណេ មានទីក្រុងទូតុង (Tutong)។
* ប្រទេសកម្ពុជា មានទីក្រុងបាត់ដំបង (Battambang) ទីក្រុងព្រះសីហនុ (Preah Sihanouvill) និងទីក្រុងសៀមរាប (Siem Reap)។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអញ្ជើញមកទទួលពានរង្វាន់ផ្ទាល់ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ។
* ប្រទេសឡាវ មានទីក្រុងហ្លួងព្រះបាង (Luang Prabang) ទីក្រុងប៉ាកសេ (Pakse) និងទីក្រុងវៀងជ័យ (Viengxay)។
* ប្រទេសម៉ាឡេស៉ី មានទីក្រុងចច (George Town) កោះលង្កាវី (Langkawi) និងទីក្រុងម័រ (Muar)។
* ប្រទេសមីយ៉ាន់ម៉ា មានទីក្រុងមណ្ឌាល័យ (Mandalay) ទីក្រុងណៃពិដោរ (Nay Pyitaw) និងទីក្រុងមីយិក (Myeik)។
* ប្រទេសថៃ មានទីក្រុងខនកេន (Khon Kaen) ទីក្រុងប៉ាតាយ៉ា (Pataya) និងកោះម៉ាក (Koh Mak)។
* ប្រទេសវៀតណាម មានទីក្រុងហាឡុង (Ha Long) ទីក្រុងដាឡាត់ (Da Lat) និងទីក្រុងវ័ងតាវ (Vung Tau)។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
លោកបានបន្តថា ការប្រកួតប្រជែងនេះក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។
យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជាបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕