ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែមក្នុងការដាក់ពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១,៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការនាំចូលនូវម៉ាស៊ីនអេធីអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដាបានចំណាយពេលចំនួនបីថ្ងៃក្នុងការដឹកជញ្ជូននាំចូលមកតម្លើងនៅទីតាំងនានានៅទូទាំង២៤រាជធានីខេត្តនៃប្រទេសកម្ពុជាដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២ខាងមុខនេះ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាតែងតែគិតគូរក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេច ធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើឱ្យខ្លួនបានបង្កើននូវការវិនិយោគលើការដាក់ពង្រាយម៉ាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។
លោកស្រីនាយិកាបានបន្ថែមថា ៖ «អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមម៉ាស៊ីនអេធីអឹមឱ្យ បានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើរការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។
ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញ្ញាតអោយលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជាការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ។
ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការផងដែរ ៕