ភ្នំពេញៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុទី១ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) នៅតែរក្សាបាននូវកំណើនប្រាក់ចំណេញប្រមាណជិត ៣០ភាគរយក្នុងឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
របាយការណ៍ផ្ញើទៅ CXS កាលពីថ្ងៃទី ៦ ខែសីហា បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ធនាគារអេស៊ីលីដា រកចំណូលបាន ២០៩,៧៦៥លានដុល្លារ កើនឡើង ១១,៩ភាគរយ ពីចំនួន ១៨៧,៤៥៦ កាលពីឆមាសទី១ ឆ្នាំ២០២០។ ដោយឡែកប្រាក់ចំណេញ មានចំនួនជាង ៨១,១៩៧លានដុល្លារ កើនឡើង ២៧,៣៨ភាគរយ ពីចំនួន ៦៣,៧៤៤លានដុល្លារ។
កាលពីឆ្នាំ២០២០ អេស៊ីលីដា រកចំណូលបានជាង ៣៨៧លានដុល្លារ កើនជាង ១០ភាគរយបើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួនជាង ៣៥១លានដុល្លារ និងទទួលបានប្រាក់ចំណេញជាង ១៤១លានដុល្លារ។
ជាមួយនឹងបទពិសោធន៍ជាង ២៧ ឆ្នាំ ធនាគារអេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីឆ្នាំ ១៩៩៣ ជាមួយដើមទុនវិនិយោគ ៦០០ ០០០ ដុល្លរ។ បច្ចុប្បន្នដើមទុនរបស់ធនាគារមួយនេះ បានកើនឡើង ៧០០ ដង ខណៈទ្រព្យសកម្មសរុបមានចំនួនប្រហែល ៦ ពាន់លានដុល្លារ កើនឡើងជាង ៩ ០០០ ដង និងប្រាក់ចំណេញសុទ្ធបានកើនឡើងជិត ២ ០០០ដង។ នេះបើយោងតាមលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា៕