ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដំបូងគេនៅកម្ពុជា(Custodian)ពីនិយ័តករមូលបត្រកម្ពុជា។
ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ និងបង្កើនលំហូរទុនវិនិយោគនៅក្នុងវិស័យមូលបត្រ តាមរយៈការផ្តល់សេវាកម្មធំ៣រួមាន គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ (Cash Custody), គណនីរក្សាសុវត្ថិភាពមូលបត្រ (Security Custody) និងផ្តល់សេវាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian Agent)។
នៅក្នុងពីធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ធនាគារអេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រេកម្ពុជា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺជារឿងថ្មីសម្រាប់ប្រទេសកមម្ពុជា ដូចនេះអេស៊ីលីដានឹងផ្សព្វផ្សាយផ្តល់ព័ត៌មានដល់វិនិយោគក្នុងស្រុក និង វិនិយោគិនក្រៅប្រទេស រួមទាំងការបង្កើតបណ្តាញនៅក្រៅប្រទេស ដោយធ្វើយ៉ាងណា ឱ្យវិនិយោគិនសាធារណៈអន្តរជាតិ បានដឹងលឺថា ផ្សារមូលបត្រកម្ពុជា មានភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងនោះ។
លោកបានបញ្ជាក់ថា៖« ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ជូនវិនិយោគិននិងសាធារណជន។មុខងាចំបងៗនេះ សេវាកម្មនេះរួមមាន គណនីរក្សាសុវត្ថិភាពសាច់ប្រាក់, គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ខ្ញុំមានជំនឿយ៉ាងមុតមាំថា Custodianនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនបរទេស ឱ្យមកវិនិយោកនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ព្រោះថាការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុន បរទេស ចាំបាច់ត្រូវធ្វើឡើងតាមរយៈ Custodian។ Custodian នឹងជំរុញឱ្យទីផ្សារមូលបត្រនៅកម្ពុជា កាន់តែសកម្ម»។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា លក្ខខណ្ឌចាំបាច់មួយ ដើម្បីទទួលបានវិញ្ញាបនបត្រ ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ នោះគឺ អ្នកដែលស្នើសុំត្រូវតែជាធនាគារ បើសិនជាអ្នកស្នើសុំជាក្រុមហ៊ុនធម្មតា និយ័តករមូលបត្រកម្ពុជាមិនទទួលស្គាល់ការស្នើសុំនោះទេ។
លោកបានបន្ថែមថា នៅពេលដែលភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជាធនាគារ មានន័យថា អ្នកស្នើសុំនោះ មានដើមទុន ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ លក្ខខណ្ឌបន្ថែមនេះ គឺងាយៗ រួមមានការបំពេញបែបបទ អ្នកទទួលខុសត្រូវមួយរូបដែលមានការទទួលស្គាល់ពីយ័តករមូលបត្រកម្ពុជា មានទីតាំងច្បាស់លាស់ មានប្រព័ន្ធព័ត៌មានវិទ្យា ដែលមានការតភ្ជាប់ជាមួយផ្សារមូលបត្រ និងលក្ខខណ្ឌបន្ទាប់បន្សំផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖« យើងពិតជាអរគុណដល់អេស៊ីលីដា ដែលគាត់ស្ម័គ្រធ្វើការងារនេះ ទោះបីជាមិនទាន់ផ្សារក៏ដោយ។យើងទុកចិត្តទាំងស្រុង តាមរយៈការផ្តល់ការអនុញ្ញាតជូនធនាគារអេស៊ីលីដាធ្វើជាCustodian នាពេលនេះ នឹងជំរុញឱ្យមានភាពទាក់ទាញវិនិយោគិនធំៗ ដែលគាត់ចាប់អារម្មណ៍ ឬក៏ចង់សាកល្បងធ្វើពិពិធកម្មនៃការវោនិយោគមួយចំណែកមកកម្ពុជា។យើងឃើញថា វិនិយោគិនជប៉ុនភាគច្រើន គឺត្រូវការCustodianនេះ»។
អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានមានប្រសាសន៍ថា ការចូលរួមរបស់ធនាគារអេស៊ីលីដាក្នុងនាមជា ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺស្របពេលដែលផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមមានការរីកចំរើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការកើនឡើងនូវវិនិយោគិន និងទំហំជួញដូរ។
លោកបានបញ្ជាក់ថា៖« យើងរំពឹងថា ចំពោះការផ្តល់អាជ្ញាបណ្ណដល់ធនាគារអេស៊ីលីដា នាពេលនេះ នឹងមានវិនិយោគិនថ្មីៗ បន្ថែមទៀត ជាពិសេសវិនិយោគិនជាស្ថាប័ន ដែលទាមទារឱ្យមានCustodian agent ។ ជាការពិតណាស់ ទីផ្សាររបស់យើង ត្រូវការមានប្រភពវិនិយោគិនរឹងមាំ ដែលទាក់ទាញទាំងក្រុមហ៊ុន និងវិនិយោគិនមកបន្ថែម ដើម្បីមកលក់ភាគហ៊ុន និងចុះបញ្ជី ឬវិនិយោគ នៅក្នុងទីផ្សារ បានកាន់តែងាយស្រួល និងមានសុវត្ថិភាព»។
បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំជួញដូរនៅក្នុងផ្សារមូលបត្រកាន់តែមមាញឹកដោយនៅក្នុងឆ្នាំ២០២១ មានប្រមាណ២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ហើយនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ដោយសារតែមានការជួញដូរធំមួយចំនួន ផ្សារមូលបត្របានសម្រេចការជួញដូរប្រមាណ១លានដុល្លារក្នុងមួយថ្ងៃ។ក្នុងរយៈពេល៧ឆ្នាំខាងមុខអគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ទំហំជួញដូរ នឹងកើនដល់៥០លានដុល្លារក្នុងមួយថ្ងៃ៕