ភ្នំពេញៈ កម្ពុជា ទទួលបានប្រាក់ប្រមាណ ១,៣ពាន់លានដុល្លារពីនាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២១ កើនជាង ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈក្នុងឆ្នាំ២០២២ នេះកំណើនត្រូវបានព្យាករណ៍ថានឹងមានសម្ទុះខ្ពស់ជាងឆ្នាំ២០២១ បន្ថែមទៀត។ នេះបើយោងតាម លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។
លោក លី ឃុនថៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ កន្លងមកការនាំចេញផលិតផលស្បែកជើងផលិតនៅកម្ពុជាទៅក្រៅប្រទេស មានទឹកប្រាក់សរុប ១,៣ពាន់លានដុល្លារ កើនឡើង ២០,៤ភាគរយបើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួនប្រមាណ ១,០៨ពាន់លានដុល្លារ។ កំណើននេះបណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពធូរស្បើយនៃក្តីបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩, កំណើននៃអត្រាចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩, ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាច្រើនលើពិភពលោក, កំណើននៃប្រាក់ចំណូលរបស់បុគ្គល និងគ្រួសារ, និងការកម្រើកឡើងវិញដោយសន្សឹមៗនៃវិស័យទេសចរណ៍។ លោកបន្ថែមថា ជាមួយនឹងចំណុចទាំងអស់ខាងលើ ការនាំចេញស្បែកជើងក្នុងឆ្នាំ២០២២ នេះរំពឹងថា នឹងមានកំណើនលើសឆ្នាំ២០២១។
លោកលើកឡើងទៀតថា ភាពវិជ្ជមាននេះ ក៏ដោយសារតែកម្ពុជាទទួលបានការផ្គត់ផ្គង់វត្ថុធាតដើមគ្រប់គ្រាន់ និងទាន់ពេលវេលាផងដែរ ពិសេសមកពីប្រទេសចិន។
នៅក្នុងជំនួបជាមួយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងកាបូប កាលពីសប្តាហ៍មុន លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទោះបីក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកពិភពលោកបានជួបនឹងវិបត្តិដែលបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ការនាំចេញផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបកម្ពុជា នៅតែអាចរក្សាបាននូវសញ្ញាវិជ្ជមាន និងអាចទាក់ទាញបានការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។ ភាពវិជ្ជមានទាំងនេះបានមកពីកត្តារួមផ្សំមួយចំនួនដូចជា ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រព័ន្ធច្បាប់វិនិយោគមានតម្លាភាព និងការលើកទឹកចិត្ត ជាពិសេសគឺភាពអនុគ្រោះពាណិជ្ជកម្ម។ លោកបន្តថា ភាពរីកចម្រើនទាំងនេះបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងបង្កើតការងារផងដែរ។
បន្ថែមពីលើនេះ ចម ប្រសិទ្ធ ក៏បានលើកឡើងដែរថា៖«អ្វីដែលខ្ញុំចង់រំលឹក គឺសមាគមរោងចក្រទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមក្នុងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) របស់អង្គការ ILO ព្រោះជាកម្មវិធីដែលផ្តួចផ្តើមឡើងដោយខ្ញុំផ្ទាល់តាំងពីឆ្នាំ១៩៩៨ គឺសម្រាប់ការកែលំអរស្ថានភាពការងារនៅកម្ពុជា និងគោរពសិទ្ធិកម្មករ ដែលមានទស្សន:វិស័យវែងឆ្ងាយទៅមុខសម្រាប់កេរ្តិ៍ឈ្មោះ និងអនាគតក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាសម្រាប់ទាញទំនុកចិត្តពីអ្នកបញ្ជាទិញ។ រោងចក្រនីមួយៗត្រូវចាត់ទុកកម្មវិធីនេះ ជាទុនខ្លួនឯង និងជាចំណុចសំខាន់សម្រាប់ការងារទីផ្សាររបស់ខ្លួន»។
យោងតាមលោក ឃុនថៃ ស្បែកជើងផលិតនៅកម្ពុជាបច្ចុប្បន្នមានយីយោល្បីៗដំដាប់អន្តរជាតិជាច្រើនដូចជា Adidas, Timberland, និង Clarks ជាដើម៕