ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យមានការលើកកម្ពស់ការបើកចំហរ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានាលើទំនិញយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។
លោកនាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំនៅក្រុងប៉េកាំង តាមប្រព័ន្ធអនទ្បាញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២នេះ ជាកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកល សម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព » ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលការរីករាលដាលនៃជំងឺកូវីដ១៩ បានស្រាកស្រាន្ត និងការខិតខំស្តារសេដ្ឋកិច្ចសកលលោកជាអាទិភាពចំពោះមុខ, ប្រ៊ីក(BRICS) ដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹង និងពង្រីកចលនាការនៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើននៃសក្តានុពល ដើម្បីពន្លឿននៅការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការ ប្រ៊ីក បូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើមក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានថ្លែងបញ្ជាក់ថា៖« យើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើការកម្ពស់ការបើកចំហរ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានាលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល»។
លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាព និងពន្លឿន ការធ្វើបដិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕