ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថា ប្រទេសកម្ពុជាអាចនឹងបើកទ្វារឡើងវិញក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩រួចរាល់ ដោយចាប់ផ្តើមពីភ្ញៀវជនជាតិចិន ខណៈស្ថានភាពនៃការឆ្លងរាលដាលជំងឺនេះនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងច្រើនបើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។
នៅក្នុងឱកាសប្រកាសបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោក ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាកសាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កម្ពុជាបាននឹងកំពុងចាប់ផ្តើមបើកដំណើរការវិស័យសំខាន់ៗរបស់ខ្លួនឡើងវិញជាបណ្តើរៗហើយ ដោយផ្តើមដំបូងវិស័យអប់រំ ហើយបន្ទាប់មកគឺវិស័យសេវាកម្ម(ទេសចរណ៍) ដែលសេវាកម្មនេះត្រូវធ្វើ ២ជំហាន គឺទី១ ជាការបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក និងទី២ គឺទេសចរណ៍អន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់។
លោកបន្តថា នៅពេលខាងមុខអ្នកចាក់វ៉ាក់សាំងគ្រប់ដូស អាចមកកម្ពុជាបាន ប៉ុន្តែអាចធ្វើចត្តាឡីស័កនៅក្របខណ្ឌមូលដ្ឋានខេត្តនោះ រយៈពេល ៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃឡើយ។ ដោយសារកម្ពុជា និងប្រទេសចិនមានទំនាក់ទំនងល្អជាមួយគ្នា ហើយអត្រាឆ្លងថ្មីនៅប្រទេសនេះមានកម្រិតទាបខ្លាំងនោះ ហេតុនេះកម្ពុជាអាចនឹងចាប់ផ្តើបបើកទទួលភ្ញៀវទេសចរចិនមុនគេ។
លោកថ្លែងថា៖«ថ្ងៃមុនវាជាការភ្លេចភ្លាំងមួយរបស់ខ្ញុំដែលចង់ពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិន ថាយើងគួរសហការគ្នាធ្វើ។ បានសេចក្តីថា ធ្វើចត្តាឡីស័ក ៧ថ្ងៃ ប៉ុន្តែអ្នកឯងមានសិទ្ធិ(ភ្ញៀវទេសចរ)ដើរនៅក្នុងក្រុង ដែលអ្នកឯកធ្វើចត្តាឡីស័ក គឺមិនមែនធ្វើចត្តាឡីស័កក្នុងបន្ទាប់នោះទេ ហើយបន្ទាប់ពីហ្នឹងទៅអ្នកឯងផុត ៧ថ្ងៃ គឺអ្នកឯងអាចចេញទៅខេត្តដទៃ»។ លោកបន្តថា៖«ឥឡូវសូមជួយគិតគ្នា ដើម្បីឈានទៅរកការបើកទេសចរណ៍(អន្តរជាតិ)ឡើងវិញ ព្រោះកុំភ្លេចឱ្យសោះថា សេដ្ឋកិច្ចប្រទេសដែលជឿនលឿន គឺមានផ្នែកសេវាកម្មនាំមុខទាំងអស់»។
លោកបញ្ជាក់ថា សេវាកម្ម គឺជាវិស័យមួយដែលអាចរកប្រាក់ចំណូលច្រើនជាងគេសម្រាប់សេដ្ឋកិច្ចប្រទេសរីកចម្រើន គឺច្រើនជាតិវិស័យឧស្សាហកម្ម និងកសិកម្មទៀតផង។
លោកអះអាងទៀតថា ការខិតខំរបស់រដ្ឋាភិបាលក្នុងស្វែងរកវ៉ាក់សាំងមកចាក់ឱ្យប្រជាពលរដ្ឋគឺមិនត្រឹមតែដើម្បីសុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ និងការបើកដំណើរការអាជីវកម្មគ្រប់យ៉ាងផងដែរ។ លោកបញ្ជាក់ថា៖«យើងសុខចិត្តចំណាយរាប់រយលានដុល្លាររកវ៉ាក់សាំងយកមកចាក់ ដើម្បីទាញយកមកវិញរាប់ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានលើកឡើងថា កម្ពុជាមានផែនការនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩គ្រប់ដូសចាប់ពីត្រីមាសទី៤ ឆ្នាំ២០២១ នេះតទៅ៕