ភ្នំពេញៈ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)បានកើនប្រមាណ ២ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសរបស់PPAP។
របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីសប្តាហ៍មុន ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបាន ៧ ៧៧០ ៧៤២ដុល្លារ កើនពីចំនួន ៧ ៦០៣ ៨៧៧ដុល្លារ ឬស្មើនឹងកំណើន ២ភាគរយធៀបទៅត្រីមាសទី១ ឆ្នាំ២០២០។
របាយការណ៍ឱ្យដឹងទៀតថា កំណើន ២ភាគរយនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន ៦ ២០២ ៧៩៦ដុល្លារ កើនឡើង ៨ភាគរយពីចំនួន ៥ ៧៣៥ ៥៣៩ដុល្លារ កាលពីត្រីមាសទី១ ឆ្នាំ២០២០។ ចំណែកចំណូលពីប្រភពផ្សេងទៀតបានធ្លាក់ចុះទាំងអស់ ដូចជា ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន ៨៨៤ ៨៨៦ដុល្លារ ធ្លាក់ចុះ ២២ភាគរយ ពីចំនួន ១ ១២៧ ៩៦៣ដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៧៧ ៥៥០ដុល្លារ ធ្លាក់ចុះ ៣៨ភាគរយ ពីចំនួន ១២៥ ៦៧៩ដុល្លារ និងចំណូលផ្សេងៗ (Other Income) មានចំនួន ៦០៥ ៥១០ដុល្លារ ធ្លាក់ចុះ ១ភាគរយ ពីចំនួន ៦១៤ ៦៩៦ដុល្លារ។