ភ្នំពេញៈ ក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់នាំចេញទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
នៅពេលទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួងកសិកម្មជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យដឹងថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូងស្របតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។
កញ្ញាបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ»។
បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ កម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ ម៉ឺន ៧ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមាន ១ ម៉ឺន ៤ ពាន់ហិកតា។ ចំណែកទិន្នផលសរុបក្នុងឆ្នាំ ២០២២ នៅទូទាំងប្រទេស មានចំនួន ២៤ ម៉ឺន ៨ ពាន់តោន៕