កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងរួមចំណែកដល់ការ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
រហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែង១៩៧,៣៦ គីឡូម៉ែត្រ សម្រេចបាន៦៤,៣៣ %ហើយ ដោយនៅក្នុងដំណើរចុះពិនិត្យនេះ លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរចុះពិនិត្យ ទីតាំងស្ពានមួយកន្លែងមានកម្ពស់រហូតដល់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
ផ្លូវនេះលាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ផ្លូវនេះមិនត្រឹមតែផ្តល់ អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន២៣ កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕