ភ្នំពេញៈ ក្រុមហ៊ុនពេជ្រចិន្តា គ្រោងនឹងនាំចេញផ្លែមៀនប៉ៃលិនស្រស់ សាកល្បងជាលើកដំបូង ក្នុងបរិមាណចន្លោះពី ២-៤កុងតឺន័រទៅប្រទេសចិននៅខែវិច្ឆិកាខាងមុខ ខណៈនៅពេលនេះក្រុមហ៊ុនកំពុងរៀបចំនីតិវិធីមួយចំនួនដើម្បីនាំចេញ។
រដ្ឋាភិបាលចិន កាលពីខែកញ្ញា ឆ្នាំ២០២២ បានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែមៀនរបស់ខ្លួនជាផ្លូវការទៅទីផ្សារចិន។ បណ្តាញសង្គមផ្លូវការរបស់ស្ថានទូតប្រទេសចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានសរសេរថា ដំណាំមៀនកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៧ ខែកញ្ញាដែលមានន័យថា ដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុង(ការត្រួតពិនិត្យលើទិដ្ឋភាពច្បាប់ គុណភាព និងភូតគាមអនាម័យCamGAP) ក្នុងការនាំចេញទៅប្រទេសចិន។
លោក ភក់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនរបស់លោកកំពុងខិតខំពន្លឿននីតិវិធីនាំចេញ ពិសេសការដឹកជញ្ជូន ដើម្បីនាំចេញផ្លែមៀនសាកល្បងទៅប្រទេសចិន នៅខែក្រោយ ដែលអាចនឹងមានចំនួនចន្លោះពី ២-៤ កុងតឺន័រ ដោយក្នុង១កុងតឺន័រ មានទម្ងន់ប្រហែល ២៣តោន ដូច្នេះអាចស្មើនឹងចន្លោះពីជិតជិត ៥០តោន ទៅ៨០តោន។ លោកបន្តថា ជាមួយគ្នានេះក្រុមហ៊ុនក៏កំពុងធ្វើការជាមួយសហភាពសហគមន៍មៀនកម្ពុជា(មានសមាជិកក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ) និងប្រជាកសិករផ្ទាល់ផងដែរ ដោយផ្តល់តម្លៃចាប់ពី ៣ ០០០រៀលក្នុង១គីឡូក្រាមឡើងទៅ។
លោកបានបញ្ជាក់ថា៖«ក្រុមហ៊ុនពេជ្រចិន្តា នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុក ដែលមានម្ចាស់ និងបុគ្គលិកបម្រើការជាជនជាតិខ្មែរមុនគេ ដែលនាំចេញមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនក្នុងស្រុក ឬពីក្រៅប្រទេស(ចិន និងថៃ ជាដើម) បានមកបើកអាជីវកម្មនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិនដែរ។ ការនាំចេញនឹងធ្វើជាលើកដំបូងក្នុងខែវិច្ឆិកា ព្រោះវាជាពេលដែលមៀនប៉ៃលិនផ្តល់ផលច្រើន»។
លោកបានប្រាប់ទៀតថា សម្រាប់ការនាំចេញជាផ្លូវការនឹងចាប់ផ្តើមនៅពេលណានោះ គឺក្រុមហ៊ុននៅមិនអាចកំណត់នៅឡើយទេ ព្រោះដំណើរការចង្វាក់ផលិតកម្មមួយចំនួននៅមិនទាន់រួចរាល់ទេ ព្រោះត្រូវនៅរង់ចាំដកពិសោធន៍ពីការនាំចេញសាកល្បងនៅខែវិច្ឆិកា ជាមុនសិន។
ទាក់ទងនឹងគុណភាពផ្លែមៀនកម្ពុជា លោក សុផាន់បូរី បានប្រាប់ថា ជាទូទៅមៀនកម្ពុជាមានគុណភាពល្អ ខណៈការដាំដុះមៀន គឺគេត្រូវការបច្ចេកទេសដាំដុះ និងការថែទាំច្រើនផងដែរ ដើម្បីអាចទទួលបានផលខ្ពស់ និងគុណភាពកម្រិតស្តង់ដា។
លោកបានបញ្ជាក់ថា៖«នៅពេលឆាប់ៗនេះក្រុមហ៊ុននឹងចាប់ផ្តើមធ្វើកិច្ចសន្យាប្រមូលទិញជាមួយនឹងប្រជាកសិករសម្រាប់បម្រើឱ្យការនាំចេញក្នុងបរិមាណច្រើន»។
បើតាមលោក សុផាន់បូរី ការដឹកជញ្ជូនពីកម្ពុជាទៅចិនអាចចំណាយពេលប្រហែល ១០ថ្ងៃ ហើយប្រសិនបើលើសពីនេះ វាអាចនឹងមានផលប៉ះពាល់ខ្លះសម្រាប់គុណភាពរបស់ផ្លែមៀន។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាមានផលិតកម្មមៀនប៉ៃលិន ប្រមាណជាង ១,៨ ម៉ឺនហិកតា ដោយបច្ចុប្បន្នអាចប្រមូលផលបានប្រមាណជាង ១៣១ ពាន់តោន ក្នុង ១ ឆ្នាំ៕