(ភ្នំពេញ)៖ ពន្ធដារកម្ពុជា និងកូរ៉េខាងត្បួងបានបន្តចុះអនុអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ ជាពិសេសដើម្បីជួយសម្របសម្រួលដល់ធុរជនរវាងប្រទេសទាំងពីរ។
ការចុះ MoU នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆការវាងលោក លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) និងលោក លោក KIM CHANGKI អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េនៅទីស្នាក់ការកណ្តាលរបស់ GDT។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT តាមរយៈ MoU នេះនឹងផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជាកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀងត្រួតគ្នា (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT, និងការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។
លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារតែងតែផ្តល់កិច្ចសហការល្អជាមួយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOTRA) តាមរយៈក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបាននិងកំពុងជួបប្រទះ។
លោកបានថ្លែងបន្តទៀតថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២។
លោកបានថ្លែងបញ្ជាក់ថា៖«កិច្ចព្រមព្រៀងទ្វេភាគីនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ១៩ នៅកម្ពុជា បាននិងកំពុងទទួលបានអត្ថប្រយោជន៍ពី DTA។ លើសពីនេះទៀតមានក្រុមហ៊ុនកូរ៉េជាច្រើនទៀត បន្តស្នើសុំអត្ថប្រយោជន៍ពី DTA សរុបមានចំនួន ៣៦សំណើ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២)ផងដែរ»។
លោក KIM CHANGKI បានថ្លែងថាជាមួយនឹងការខិតខំធ្វើទំនើបកម្មរបស់GDT បានធ្វើឱ្យចំណូលពន្ធរបស់ខ្លួនតែងតែសម្រេចបានកំណើនជារៀងរាល់ឆ្នាំ។ លោកថា៖«តាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ ដែលលទ្ធផលនៃបេសកកម្មរបស់អគ្គនាយដ្ឋានពន្ធដារកម្ពុជា ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់ បានកំណត់ផងដែរ»។
បើតាមលោក វិបុល គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ នេះ GDT បានកៀរគរចំណូលពន្ធបានជាង ២ ៩០០ លានដុល្លារកើនឡើង ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ដោយការប្រមូលពន្ធនេះសម្រេចបានជាង ១០៤ ភាគរយនៃផែនការដែលរដ្ឋាភិបាលបានកំណត់សម្រាប់ឆ្នាំ ២០២២ នេះ៕