ភ្នំពេញ៖ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានប្រកាសពីផែនការនៃការបើកដំណើការហោះហើរសាកល្បងលើកដំបូងនៅចុងខែមករាឬដើមខែកុម្ភះខាងមុខនេះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួមជាមួយតំណាងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះតារាសាគរកាលពិថ្ងៃទី៣០ ខែតុលា។ តំណាងក្រុមហ៊ុនបានថ្លែងថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។
«តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ» នេះបើយោងតាមការថ្លែងអះអាងរបស់ក្រុមហ៊ុនដែលត្រូវបានទូរទស្សន៍ក្នុងស្រុក BTV ដកស្រង់សម្តី។
លោក ថោង ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការការងាររបស់ខ្លួន ដើម្បីឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទBoeing-777 និង Airbus A-340។
តាមផែនការកម្ពុជា នឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុននឹងឈានទៅខេត្តសៀមរាបក្នុងខែ មករា ឆ្នាំ ២០២២៕